អរិយធម៌របស់អ្នកស្រុកនគរភ្នំ
គេ អាចស្គាល់សង្គមខ្មែរជំនាន់ដើមបានតាមរយៈឯកសារប្រវត្តិសាស្ត្រដែល
អ្នកដំណើរចិនកត់ត្រា ។ ទោះបីជាឯកសារទាំងនោះមានច្រើន
មានកាលបរិច្ឆេទខុសគ្នា ហើយអ្នកកត់សរសេរមានថ្វីដៃខុសគ្នាក៏ដោយ
ក៏គេអាចស្មានយល់អំពីទិដ្ឋភាពសង្គមខ្មែរជំនាន់នោះបានដែរ ។
អ្នកដំណើរ
ចិនបាននិទានថា ទីក្រុងភូមិស្ថានខ្មែរមានព័ទ្ធជុំវិញទៅដោយអូរទឹក
និងកំពែងធ្វើអំពីដី ។ នៅក្នុងគូទឹកទាំងនោះ គេឃើញមានក្រពើរស់នៅពាសពេញ
ហើយនៅក្នុងទីក្រុង និងភូមិ គេឃើញមានផ្លូវទឹក
កាត់ខ្វែងចុះឡើងដូចក្រឡាចត្រង្គ ។
ប្រុស
ខ្មែរមានរូបរាងទាបអាក្រក់ សម្បុរខ្មៅ សក់ក្រញាញ់ ហើយមានសាក់ពាសពេញខ្លួន
។ ក៏ប៉ុន្តែស្ត្រីមានពណ៌សម្បុរជ្រះស្អាតល្អជាង ។
ខ្មែរនិយមចូលចិត្តឆ្លាក់ធ្វើគ្រឿងអលង្ការ ។ គ្រានោះ ខ្មែរមានអក្សរ
មានសៀវភៅសាស្ត្រាក្បួនគម្ពីរ និងឃ្លាំង ។
ខ្មែរនិយមចូលចិត្តលេងល្បែងជល់មាន់ និងជ្រូក ។
ទំនៀមទម្លាប់គ្មានអ្វីជាតឹងរឹងឡើយរវាងស្ត្រី និងបុរស ។
ម្នាក់ៗធ្វើអ្វីតាមតែអំពើចិត្ត បណ្ដែតបណ្ដោយទៅតាមតែទំនើងចិត្ត ។
ក្នុង
ឯកសារទាំងនោះ គេមានរៀបរាប់អំពីរបៀបរបប បែបផែនកាត់ទោសក្នុងតុលាការ
ដោយមានបញ្ជាក់ថា នៅស្រុកខ្មែរគ្មានពន្ធនាគារទេ ។ ជនឧក្រិដ្ឋ
គេយកទៅបោះទម្លាក់ក្នុងរណ្ដៅឲ្យក្រពើ ឬសត្វសាហាវស៊ីជាចំណី ។
អ្នកដំណើរ
ចិន ក៏រៀបរាប់អធិប្បាយព័ណ៌នាក្បោះក្បាយអំពីព្រះមហាក្សត្រខ្មែរ ដែរ ។
ព្រះបរមរាជវាំងធ្វើអំពីឈើ សង់លើគ្រឹះអំពីថ្ម ។
កាលណាព្រះអង្គធ្វើដំណើរយាងចេញទៅណាម្ដងៗ
គេឃើញមានក្បួនដង្ហែយ៉ាងគគ្រឹកគគ្រេង គួរឲ្យគយគន់ ។
ព្រះមហាក្សត្រខ្មែរតែងតែគង់លើដំរី ហែហមតាមក្រោយទៅដោយមហេសី
ស្រីស្នំមីនុំមីនាងបរិវារ និងមន្ត្រីតូចធំ ដែលជិះលើដំរីដែរ ។
បើព្រះអង្គគង់លើបល្ល័ង្កវិញ ព្រះអង្គអង្គុយបញ្ឈរជង្គង់ខាងស្ដាំ
ហើយនៅចំពោះមុខព្រះអង្គ គេមានដាក់ព្រះវរលញ្ឆការ (គឺជាត្រា
ឬសញ្ញាសម្រាប់សម្គាល់ព្រះមហាក្សត្រ) ជើងពានផ្ដិលមាស និងដុតគ្រឿងក្រអូប ។
ប្រជាជន
ខ្មែរគោរពបូជាជឿទៅព្រះអាទិទេពជាច្រើន
តំណាងទៅដោយរូបចម្លាក់ដែលមានព្រះភ័ក្ត្រមួយ ពីរ បួន ហើយដែលមានដៃបួន
ឬប្រាំបី ។
កាលណា
មានសមាជិកក្រុមគ្រួសារស្លាប់ ប្រជាជននគរភ្នំ
តែងតែនាំគ្នាកោរសក់កោរពុកមាត់ពុកចង្កា ជាសញ្ញានៃការកាន់ទុក្ខ ។
ចំពោះការបូជាសពវិញ ឯកសារចិនបានសរសេរថា គេយកសាកសពនោះ ទៅដុត ទៅកប់
ទៅទម្លាក់ក្នុងទឹក ឬយកទៅដាក់ចោលតាមព្រៃទុកឲ្យសត្វស៊ី ។
គឺក្នុងន័យថ្វាយបូជាចំពោះធាតុទាំងបួន មាន ទឹក ដី ភ្លើង ខ្យល់
ដែលគេចាត់ទុកជាព្រះអាទិទេព ជាអ្នកដ៏មានគុណចំពោះជិវិតរស់នៅរបស់គេ ។
• វប្បធម៌
នៅរវាងសតវត្សទី១នៃគ.ស.
ព្រះនាងលាវយ៉េកបានធ្វើសង្គ្រាមចាញ់កុរុងហ៊ុនធៀន ដែលជាជនជាតិឥណ្ឌា។ ចាប់ពីពេលនោះមក
កុរុងហ៊ុនធៀនបានក្លាយជាព្រះមហាក្សត្ររបស់នគរវ្នំ។ អរិយធម៌ឥណ្ឌាមាន ភាសា សាសនា
សិល្បៈជាដើម ក៏បានជ្រាបចូលទៅក្នុងសង្គមខ្មែរចាប់ពីពេលនោះមក។
តុលាការខ្មែរ
ប្រើប្រាស់ច្បាប់តុលាការឥណ្ឌា រួមជាមួយនិងតុលាការតាមបែបប្រពៃណី ខ្មែរ។
របបគ្រប់គ្រងរដ្ឋបាលខ្មែរអនុវត្តតាមរបបរាជានិយមបែបឥណ្ឌា។
ប៉ុន្តែមិនបែងចែកវណ្ណៈនៅក្នុងសង្គមតាមបែបឥណ្ឌាទេ។ ឯការបន្តមត៌ក ខ្មែរនៅតែប្រកាន់យកប្រពៃណីរបស់ខ្លួនដដែល។
វប្បធម៌វ្នំត្រូវបានលាយចម្រុះគ្នានូវជំនឿតាមបែបអ្នកស្រុកដើម
និងគំនិតទស្សនៈបែបឥណ្ឌា។
នគរនេះត្រូវបានគេនិយាយថារងឥទ្ធិពលយ៉ាងខ្លាំងដោយសារវប្បធម៌ឥណ្ឌា
ប្រហែលជាតាមរយៈក្រុមនគរភាគកណ្ដាលដូចជា ទ្វារវតី រឺ ម៉ាឡេយូ ហើយនិងការជួលពួកឥណ្ឌាក្នុងប្រយោជន៍គ្រប់គ្រងរដ្ឋបាលរដ្ឋខ្លះ។
សំស្ក្រឹតគឺជាភាសានៅក្នុងរាជវាំង
និងពួកអ្នកនគរវ្នំបានឧបត្ថម្ភទំនុកបំរុងដល់ព្រហ្មញ្ញសាសនា និងក្រោយមកសតវត្សទី៥
បានទំនុកបំរុងដល់ លទ្ធិព្រះពុទ្ធសាសនា។ គេពុំបានដឹង
ថាតើសាសនាណាមួយបានចូលមកស្រុកខ្មែរមុនទេ បើតាមឯកសារខ្លះគេថាព្រះបាទអសោកទ្រង់
បានបញ្ជូនសមណទូតពីរអង្គមកជ្រោយសុវណ្ណភូមិ
ដើម្បីសព្វផ្សាយព្រះពុទ្ធសាសនានៅសតវត្សទី៣មុនគ.ស។
គេមិនដឹងថាសុវណ្ណភូមិនេះត្រូវត្រង់ណាឲ្យប្រាកដទេ។
អ្នកស្រាវជ្រាវគ្រាន់តែស្របថាសុវណ្ណភូមិនេះត្រូវ នឹងភូមិភាគអាស៊ីអាគ្នេយ៍នេះឯង។
ម្យ៉ាងទៀតបុរាណវត្ថុទាក់ទងនឹងព្រះពុទ្ធសាសនាដែលគេរកឃើញ នៅតំបន់នេះគេឃើញមានអាយុកាលត្រឹមតែពីសតវត្សទី៣-៤នៃគ.ស
ប៉ុណ្ណោះ។ គេឆ្ងល់ថាបើផ្សាយតាំងពីសតវត្សទី៣មុនគ.ស
ហេតុអ្វីបានជាឲ្យផ្លែផ្កានៅសតវត្សទី៣-៤នៃគ.សទៅវិញ គឺអស់រយៈពេល៦ រឺ ៧ស.វ? បើទោះជាបែបនេះក្ដីក៏គេដឹងថាព្រះពុទ្ធសាសនា
ដែលយកមកប្រទេសយើងដំបូងគឺពុទ្ធសាសនាហីនយានជាភាសាសំស្ក្រឹតដែលពួកឥណ្ឌានៅអមរវត្តីរាប់អាននៅស.វ.ទី២-៣នៃគ.ស។
នេះបើតាមសិលាចារឹកវ៉ូកាញ់និងតាព្រហ្មបាទី។ ព្រះពុទ្ធសាសនារុងរឿងនៅសតវត្សទី៥
និងទី៦ក្នុងរជ្ជកាលស្ដេចកៅណ្ឌិន្យជយវម៌្ម និង រុទ្រវម៌្ម
ដោយមានការបញ្ជូនព្រះសង្ឃជាតិខ្មែរ និងឥណ្ឌាទៅប្រទេសចិន។
កាក់លុយនៅស្ថានីយអូរកែវត្រូវបានគេរកឃើញ តាមរយៈសិលាចារឹកជាច្រើនជាភាសាបាលី
បង្ហាញនូវវត្តមាននៃព្រះពុទ្ធសាសនា ក្នុងតំបន់នេះក្បែរៗសតវត្សទី៥នៃគ.ស។
កំណត់ត្រាជាច្រើនបង្ហាញថាការប្រមូលពន្ធត្រូវបង់ជា ប្រាក់ មាស គុជខ្យង និង
ឈើក្រអូប។ លោកខាំង-ថែយ 康泰 និង ជូ-យិន 朱應 បានរាយការណ៍ថាប្រជាជនវ្នំបានអនុវត្តរបបទាសភាព និងការកាត់ក្ដីត្រូវបានកាត់តាមរយៈការល្បងនិងពិសោធន៍
រួមមានដូចជាវិធីជាច្រើនតាមការរើសយកច្រវាក់ដែកក្រហមក្ដៅ
និងលូកយកចិញ្ចៀននិងពងចេញពីទឹកកំពុងតែពុះ។
ភស្តុតាងខាងបុរាណវត្ថុឆ្លើយតបយ៉ាងទូលំទូលាយដល់កំណត់ត្រារបស់ចិន។
ពួកចិនបានពិពណ៌នាពួកអ្នកនគរវ្នំជាមនុស្សដែលរស់នៅលើផ្ទះសសរខ្ពស់ៗ
ដាំស្រូវហើយបញ្ជូនសួយសារអាករជាមាស ប្រាក់ ភ្លុក និងសត្វប្លែកៗ។
របាយការណ៍របស់លោកខាំង-ថែយ
និង ជូ-យិនមិនបញ្ចើចបញ្ចើដល់អរិយធម៌វ្នំទេ ថ្វីបើដូច្នោះក៏ដោយកំណត់ត្រារាជវាំងចិន
បង្ហាញថាក្រុមតន្ត្រីករវ្នំបានមកទស្សនៈកិច្ចប្រទេសចិនក្នុងឆ្នាំ ២៦៣។
ព្រះចៅអធិរាជចិនមានចំណាប់អារម្មណ៍ណាស់ ដោយព្រះអង្គចេញព្រះរាជបញ្ជា
ឲ្យមានការបង្កើតឡើងនូវវិទ្យាស្ថានមួយសម្រាប់តន្ត្រីអ្នកវ្នំ ក្បែរណានជីង ។
ពួកអ្នកនគរវ្នំត្រូវបានរាយការណ៍ផងដែរ
ថាមានការចងក្រងសៀវភៅដ៏ច្រើននិងដាក់ទុកជាឯកសារទូទាំងប្រទេស
ដោយបង្ហាញនូវកម្រិតខ្ពស់នៃស្នាដៃខាងសិក្សាធិការ។ ប៉ុន្តែឯកសារទាំងនោះត្រូវបាត់បង់អស់ហើយ
ដែលធ្វើឲ្យយើងមិនដឹងថាតើអក្សរដូនតាយើងក្នុងសៀវភៅយ៉ាងម៉េចទេ។
បើតាមសិលាចារឹក៤ផ្ទាំងភាសាផ្លូវការគឺភាសាសំស្ក្រឹត
ដូច្នេះមិនបានន័យថាភាសាខ្មែរមិនត្រូវបានប្រើប្រាស់ទេ។
យើងអាចមើលឃើញមានភាសាខ្មែរដូចជាឈ្មោះស្រុកក្ដី (វ្នំ) ឈ្មោះរាជធានីក្ដី (ទមាក់ រឺ
ទល្មាក់) ដែលអាចបញ្ជាក់ថាភាសាខ្មែរគេប្រើជាមួយនឹងភាសាសំស្ក្រឹតដែរ។
ប្រហែលជាថ្ងៃណាមួយគេអាចរកឃើញសិលាចារឹកណាមួយ
ក្នុងចំណោមសិលាចារឹកជាភាសាខ្មែរដែលអាចភ្ជាប់ ទៅអាណាចក្រវ្នំបានជាមិនខាន។
ព្រះសង្ឃពីរអង្គមកពីនគរវ្នំគឺមន្ត្រសេន
និងសង្ឃបាលបានសំណាក់នៅនិវេសនដ្ឋាននៅចិនអស់រយៈពេល ១៦
ឆ្នាំហើយធ្វើការប្រាំការិយាល័យក្នុងសតវត្សទី៥ដល់ទី៦
និងបកប្រែគម្ពីរព្រះសូត្រពុទ្ធសាសនាពីសំស្ក្រឹត (រឺ ប្រាក្រឹត) ទៅភាសាចិន។
ព្រះអង្គបានការស្ងើចសរសើរពីព្រះចៅក្រុងចិន
ហើយបានចាត់ទុកព្រះអង្គជាព្រះគ្រូទៀតផង។ក្នុងចំណោមអត្ថបទជាច្រើនទាំងនោះគឺជា
សប្តសតិកាប្រាជ្ញាបារមីតសូត្រ មហាយាន (តៃស្ឆុត្រៃបិដក ២៣២) ។
អត្ថបទនេះត្រូវបានបកប្រែផ្សេងពីគ្នាដោយព្រះសង្ឃទាំងពីរអង្គ។
ព្រះពោធិសត្វមញ្ជុស្រីកុមារភូត (Mañjuśrī) គឺជាតួអង្គលេចធ្លោមួយអង្គក្នុងអត្ថបទនេះ។
នៅពេលទ័ពចេនឡាបានចូលវាយអាណាចក្រវ្នំ
ពុទ្ធសាសនាហីនយានជាភាសាសំស្ក្រឹតនៅរុងរឿងនៅឡើយ។ នៅសតវត្សទី៧
មានព្រះសង្ឃចិនមួយអង្គនិមន្តពីឥណ្ឌាទៅចិនវិញ ព្រះនាមយី-ស៊ីងមានថេរដិកាថា
ពីដើមព្រះធម៌មានភាពរុងរឿងហើយផ្សព្វផ្សាយទៅគ្រប់ទិសទី
តែឥឡូវនេះស្ដេចកំណាចមួយអង្គបានបំផ្លិចបំផ្លាញចោលអស់ហើយ ព្រះសង្ឃរកតែមួយអង្គមិនបានផង។
ដូច្នេះពុទ្ធសាសនាហីនយានប្រហែលជារលាយបាត់បង់នៅសតវត្សនោះហើយ
ទើបក្រោយមកទៀតទើបឃើញលទ្ធិពុទ្ធសាសនាមហាយាន បានចេញផ្សព្វផ្សាយលទ្ធិរបស់ខ្លួន។
ចំណែកព្រាហ្មណ៍សាសនាគេឃើញមានគោរព
ព្រះឥសូរ ព្រះវិស្ណុ ព្រះហរិហរ (វិស្ណុ និង ឥសូររួមគ្នា) និង ព្រះព្រហ្ម។
នៅខាងដើមអាណាចក្រវ្នំទំនងគណៈខាងឥសូរនិយមជាសាសនាផ្លូវការផងដឹង
បើតាមឯកសារចិនគេថាព្រះរាជាយាងឡើងភ្នំម៉ូតាន ដើម្បីធ្វើសក្ការបូជាដល់ព្រះមហេស្វរ។
ប៉ុន្តែព្រះអធិរាជាខ្លះបានផ្លាស់ពីឥសូរនិយមមកពុទ្ធនិយមវិញ
ដូចជាកុរុងកៅណ្ឌិន្យជយវម៌្មជាដើម។ ខាងព្រះវិស្ណុគេឃើញមានប្រាសាទនៅភ្នំដា ស្រុកព្រៃកប្បាស
ខេត្តតាកែវ។ គេឃើញសិលាចារឹករបស់ព្រះនាងកុលប្រភាវតី និង គុណវម៌្ម
ក៏មានលក្ខណៈវិស្ណុនិយមដែរ។ ក្នុងវិស័យស្ថាបត្យកម្មគេច្រើនសាងប្រាសាទពីឥដ្ឋ។
ដូច្នេះហើយទើបប្រាសាទទាំងនោះមិនឃើញមានស្ថិតស្ថេរមកដល់សព្វថ្ងៃសោះ
លើកលែងតែប្រាសាទដុលដែលលុងដោយភ្នំទើបគេមានឃើញនៅសេស សល់។ ខឿនសំណង់ផ្សេងៗដែលគេរកឃើញនៅកំពង់ផែអូរកែវ
និងអង្គបុរីក៏សង់អំពីឥដ្ឋដែរ។ ខាងសិល្បៈបដិមាក៏គេបានរកឃើញនៅភ្នំដា ស្រុកព្រៃកប្បាស
ខេត្តតាកែវដែរ ដូចជាពុទ្ធរូបវត្តរំលក រូបព្រះវិស្ណុ ព្រះពលរាម ព្រះកល្កិន
ព្រះគ្រឹស្ណគោវធន៌។ ស្នាដៃទាំងនេះមានលក្ខណៈជាឥណ្ឌារាងធាត់កាច់ចង្កេះនិងមានធ្នូ រឺ
ជន្ទល់ទ្រ ឆ្លាក់ជាប់នឹងជញ្ជាំងថ្ម គឺពុំទាន់មានលក្ខណៈចំលាក់លោតពេញលេញឡើយ។
ដូច្នេះគេអាចដឹងថាអរិយធម៌ខ្មែរ ជាអរិយធម៌ខ្ពង់ខ្ពស់ជាងប្រទេសជិតខាង
ដែលខ្មែរចេះពូនផ្សំជាមួយនិងអរិយធម៌បរទេស ហើយបានកែច្នៃមកក្លាយជារបស់ខ្មែរ
ទោះបីជាវាមិនទាន់មានលក្ខណៈជាតិពិតប្រាកដក៏ដោយ
ក៏វាជាកេរមត៌ករបស់កូនចៅខ្មែរជំនាន់ក្រោយដែរ
វាក៏ជាគ្រឹះសំរាប់អរិយធម៌សម័យអង្គរផងដែរ។
• សេដ្ឋកិច្ច
នគរវ្នំគឺជាមហាសេដ្ឋកិច្ចទីមួយដំបូងគេរបស់អាស៊ីអាគ្នេយ៍។
នគរនេះគឺសម្បូរសប្បាយព្រោះតែការដោះដូរពាណិជ្ជកម្មនិងកសិកម្ម។
នគរវ្នំបានកើនឡើងនូវទ្រព្យសម្បត្តិដោយសារតែបានត្រួតត្រាលើបួរដីក្រៈជាច្រកតូចចង្អៀតនៃឧបទ្វីបម៉ាឡេ
ដែលក្រុមពួកឈ្មួញបានដឹកជញ្ជូនទំនិញធ្វើពាណិជ្ជកម្មរវាងចិននិងឥណ្ឌា។
ពួកគេប្រើប្រាស់ប្រាក់ចំណេញមួយចំនួនដើម្បីសាងនូវប្រព័ន្ធស្តុកទឹក
និងបញ្ចូលទឹកសព្វទិសទី។ ពួកពលរដ្ឋរស់នៅតាមជីវិតបែបរំភើយ។ ប្រជាជននគរវ្នំបានប្រមូលផ្ដុំគ្នាតាមដងទន្លេមេគង្គ៖
តំបន់នេះគឺជាតំបន់ធម្មជាតិសំរាប់អភិវឌ្ឍសេដ្ឋកិច្ច ដោយពឹងផ្អែកលើការនេសាទត្រី
និងការដាំដុះស្រូវ។ សេដ្ឋកិច្ចនគរវ្នំត្រូវពឹងផ្អែកទៅលើស្រូវដ៏ច្រើនលើសលប់
ដែលបានផលិតដោយប្រព័ន្ធបញ្ចេញបញ្ចូលទឹកចូលស្រែដ៏ច្រើនសន្ធឹកសន្ធាប់។ អ្នកស្រុកចេះជីកព្រែកខ្វាត់ខ្វែងដែលគេឃើញមានស្លាកស្នាម
នៅកម្ពុជាក្រោមភាគខាងលិច។ តាមយោបល់អ្នកជំនាញគេថាព្រែកជីកទាំងនេះ
គឺសំរាប់បង្ហូរទឹកជំនន់ទន្លេមេគង្គចេញផង និងលាងឲ្យស្អាតទឹកភក់ល្បាប់
និងបន្សាបអំបិលដែលជ្រួតជ្រាបក្នុងដីផងដែរ ជាគមនាគមន៍ទៅទីក្រុងទាំងឡាយនឹងអាចឲ្យសំពៅឆ្លងកាត់ទៅ
ពីសមុទ្រចិនទៅឈូងសមុទ្រសៀម ដោយមិនបាច់កុងព័ទ្ធជ្រោយទឹកខ្មៅឡើយ។
ក្រៅពីរបរស្រែចំការដែលចិនថា គេព្រួសមួយឆ្នាំរួចគេច្រូតបានបីរដូវ
របរខាងចំការក៏មានដូចជាដាំ ក្រូច ទទឹម អំពៅ ស្លា។ល។
ពាណិជ្ជកម្មតាមសមុទ្រក៏បានដើរតួសំខាន់ខ្លាំងមែនទែន ក្នុងការអភិវឌ្ឍនគរវ្នំ។ អ្នកប្រាជ្ញបុរាណជាតិអាល្លឺម៉ង់អាល់ប្រិឆថ៍-ឌីលេ
មានជំនឿថាកំពង់ផែដ៏សំខាន់របស់នគរវ្នំបានបង្ហាញខ្លួននៅ អូរកែវក៏ជាកត្តិករៈដែរ
ដែលបានចាត់ទុកដោយភូមិវិទូសតវត្សទី២នៃអេឡិចសង់ឌ្រី ប៉្តូលេមី (Ptolemy) ថាជាផ្សារធំដែលពួកឈ្មួញមកពីអាណាចក្រចិន
និងរ៉ូមជួបជុំគ្នាដើម្បីដោះដូរពាណិជ្ជកម្ម។ ទំនិញដែលគេច្រើនលក់គឺមាន មាស ប្រាក់
សំពត់ព្រែ គ្រឿងកែវ។ល។ ឯកសារចិនបាននិយាយថាអាណាចក្រវ្នំជាទីកើត មាស ប្រាក់ ទង់ដែង
សំណប៉ាហាំង គ្រឿងក្រអូប ភ្លុកដំរី និង ពេជ្រ។
ឯកសារនេះបញ្ជាក់ថាពេជ្រនេះគឺគេមុជចូលយកនៅក្នុងសមុទ្រ
ហើយយកដែកដំមិនខូចទេតែខូចដែកវិញ។ អ្នកស្រុកប៉ិនប្រសប់ខាងរបរជាងមាស រឺ
ប្រាក់ដូចជាធ្វើចិញ្ចៀន រឺ កងដៃមាស ធ្វើគ្រឿងចានក្បានប្រាក់
ហើយអ្នកស្រុកក៏ប៉ិនដែរខាងរបរសូនរូប ត្បាញសូត្រ ចរបាប់ ស្លកែវ។ល។
ឌីហ៍ឡេក៏មានជំនឿថាអូរកែវបានផ្គត់ផ្គង់គ្រឿងបរិក្ខាល្អៗបំផុត
ព័ត៌មានលំអិតនេះត្រូវបានផ្ដល់ដោយប៉្តូលេមី តាមរយៈដំណើរសមុទ្រមួយដែលធ្វើឡើងដោយឈ្មួញក្រិច-រ៉ូមម្នាក់ឈ្មោះអេឡិចសង់ដឺរទៅកាន់កត្តិករៈ
ដែលស្ថិតនៅចុងបូព៌ាបង្អស់ នៃច្រកពាណិជ្ជកម្មតាមសមុទ្រពីចក្រភពរ៉ូមខាងកើត។
• ទំនាក់ទំនង
ប្រវត្តិវិទូជាតិបារាំងលោកហ្សក-សឺដេស
ភ្លាមៗបានឲ្យសម្មតិកម្មនូវទំនាក់ទំនងមួយ រវាងព្រះរាជានៃនគរវ្នំ
និងរាជវង្សសៃលេន្ទ្រនៃឥណ្ឌូណេស៊ី។ លោកសឺដេសមានជំនឿថាគោរម្យងារ ស្ដេចវ្នំ
ត្រូវបានប្រើ ដោយពួកស្ដេចសៃលេន្ទ្រទំនងជាត្រូវបានប្រើ ដោយស្ដេចនគរវ្នំដែរ
ដោយហេតុថាឈ្មោះ វ្នំ គឺជាប់ទាក់ទងនឹងភាសាខ្មែរថា ភ្នំ។
ពួកអ្នកប្រាជ្ញដទៃទៀតបានច្រានចោលនូវសម្មតិកម្មនេះ
ដោយចង្អុលបង្ហាញថាខ្វះភស្តុតាងខាងអក្សរចារឹក
នៃកម្ពុជាដើមដំបូងចំពោះការប្រើប្រាស់នៃគោរម្យងារដូចគ្នានេះ។
ពួកអ្នកវ្នំក៏ធ្វើពាណិជ្ជកម្មជាមួយរាជវង្សលាំងចិនភាគខាងត្បូងដែរ។
តិចតួចណាស់ដែលគេដឹងអំពីប្រវត្តិនយោបាយរបស់វ្នំ
ក្រៅពីទំនាក់ទំនងជាមួយចិន។ លោកសឺដេសយល់ថាទំនាក់ទំនងជាមួយចិនមានលក្ខណៈ
ជាពាណិជ្ជកម្មច្រើនជាងនយោបាយ។ កាលណោះប្រទេសចិនស្ថិតនៅក្នុងសម័យនគរបី
ពេលនោះនគរអ៊ូចិនមិនអាចធ្វើជំនួញតាមផ្លូវគោកបាន
ក៏បានធ្វើជំនួញតាមផ្លូវទឹកជាមួយវ្នំវិញព្រោះតែតម្រូវការវត្ថុប្រណីតៗ។
ដោយហេតុនេះហើយទើបគេជ្រើសរើសយកប្រទេសវ្នំ ដែលស្ថិតនៅចំផ្លូវសមុទ្រ
ដែលមិនអាចជៀសវៀងបានសម្រាប់អ្នកដំណើរសំពៅកាត់តាមច្រកមល្លកា
និងអ្នកនិយមដឹកទំនិញតាមបួរដីប្រទេសម៉ាឡេយូ។
ការប៉ះទង្គិចគ្នារយៈពេលខ្លីមួយត្រូវបានកត់ត្រាថាកើតឡើង នៅទសវត្សឆ្នាំ ២៧០
នៅពេលវ្នំនិងប្រទេសជិតខាង ចាម្ប៉ាបានចូលរួមកំលាំងគ្នា ដើម្បីវាយប្រហារលើតំបន់មួយនៃតុងកឹង
(ដែលនៅក្រោមការគ្រប់គ្រងរបស់ចិននៅពេលនោះ)
ស្ថិតនៅអ្វីដែលឥឡូវជាវៀតណាមខាងជើងសព្វថ្ងៃនេះ។ នៅឆ្នាំ ៣៥៧
នគរវ្នំបានក្លាយជាសាមន្តរដ្ឋចិន
និងបន្តជារៀងរហូតមកដល់ការបែកបាក់ប្រទេសនៅសតវត្សទី៦។ ចំពោះទំនាក់ទំនងជាមួយឥណ្ឌា
ឯកសារចិនមួយនៅសតវត្សទី៥ និយាយថាមានមនុស្សឈ្មោះ កៀសៀងលី ជាអ្នកស្រុកតាន់យ៉ាង
(នៅខាងលិចឥណ្ឌា) បានធ្វើដំណើរពីឥណ្ឌាមកដល់អាណាចក្រវ្នំ។
ជាអ្នកដែលនិយាយប្រាប់ពីរឿងប្លែកៗពីឥណ្ឌាទៅធរណេន្ទ្រវម៌្មទី១
ប៉ុន្តែដំណើរទៅប្រទេសនោះត្រូវអស់ពេលយូរប្រហែលជា៣ រឺ ៤ ឆ្នាំ ក៏សឹងតែមាន។
ដោយស្ដេចជាប់ចិត្តនឹងរឿងចម្លែកទាំងនោះហើយ ទើបទ្រង់ឱ្យព្រះញាតិរបស់ព្រះអង្គ ស៊ូវូ
ទៅឥណ្ឌា។ រាជទូតខ្មែរបានចុះសំពៅនៅ តូវគីវលី (T'eou-kiu-li)
ប្រហែលជាត្រូវនឹងតក្ដោល
ត្រង់នេះហើយដែលបង្ហាញថាឥទ្ធិពលវ្នំបានលាតសន្ធឹង ដល់មហាសមុទ្រឥណ្ឌា។
រាជទូតនគរវ្នំបានទៅដល់ពាមទន្លេគង្គា ហើយធ្វើដំណើរតាមទន្លេទៅជួបស្ដេចមួយអង្គ ដែលលោកឡឺវី
(L.Levi) ថាជាស្ដេចក្នុងរាជវង្សមុរុណ្ឌ។
ស្ដេចអង្គនេះបាននាំភ្ញៀវទស្សនាប្រទេសព្រះអង្គ ហើយបានឲ្យឥណ្ឌាម្នាក់ឈ្មោះ ឆេន-សុង
នាំត្រលប់មកវិញនូវសេះ ៤ នៃស្រុកនោះ ដើម្បីទុកជាដង្វាយនៃអធិរាជអាណាចក្រវ្នំ។
ប្រជាជនដែលមកពីឆ្នេរនគរវ្នំបានឱ្យដឹងផងដែរថាបានបង្កើតនគរមួយឈ្មោះថា
ស្ឈឺកធ្ហូក (នគរដីក្រហម) នៅក្នុងទៀបកោះម៉ាឡេ។
នគរដីក្រហមត្រូវបានគេគិតថាជាប្រទេសជាតិកើតក្លាយចេញពីនគរវ្នំ។
No comments:
Post a Comment